រដ្ឋាភិបាល ជំរុញឱ្យប្រើរថយន្តអគិ្គសនី ព្រោះមានតម្លៃធូរជាងរថយន្តមួយទឹក សន្សំសំចៃច្រើន និងកាត់បន្ថយការបំពុលបរិស្ថាន
Posted by -
Phoung Somphors
Published on -
21/4/2023 6:06 PM

ភ្នំពេញ៖ ការប្រើប្រាស់រថយន្តអគ្គិសនីមានតម្លៃធូរថ្លៃជាងរថយន្តមួយទឹកមួយចំនួន ប្រើប្រាស់ដោយបានសន្សំសំចៃបានច្រើន និងបានរួមចំណែកថែរក្សាបរិស្ថានផងដែរ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនីដើម្បីជំរុញលើកទឹកចិត្តឱ្យពលរដ្ឋមានការប្រើប្រាស់កាន់តែទូលំទូលាយ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាល កំពុងតែជំរុញឱ្យប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលថ្មីហើយធូរថ្លៃជាងរថយន្តមួយទឹក ខណៈរថយន្តប្រភេទនេះ មានកំណើនច្រើន ហើយក្រសួងកំពុងឱ្យអ្នកវិនិយោគដាក់កន្លែងបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនផងដែរ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាសំរោងអណ្តែង រាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាលទ្ធភាពបញ្ឈប់ការនាំចូលរថយន្តចាស់ៗដោយកំណត់អាយុកាល និងឆ្នាំផលិត ដើម្បីសុវត្ថិភាព និងការពារបរិស្ថាន។ ឯកឧត្តមបញ្ជាក់ដូច្នេះថា៖«យើងបានពិភាក្សាគ្នាជាមួយក្រសួងបរិស្ថានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នឹងរៀបចំពិនិត្យមើលថាតើ ​ឡានមួយទឹកអាយុប៉ុន្មាន​ ចាស់ជាងហ្នឹងយើង​មិនអនុញ្ញាតឱ្យចូលទេ ឥឡូវកំពុងពិភ្សាគ្នា​ថាតើ ១០ឆ្នាំ ឬ១៥ ឆ្នាំ ឬ ៧ ឆ្នាំ ដើម្បីបញ្ចប់ការនាំចូលរថយន្តចាស់ៗ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236