ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសង់នៅដើមខែមិថុនា ក្នុងទំហំទឹកប្រាក់ ១៤០០លានដុល្លារ
Posted by -
Phoung Somphors
Published on -
21/4/2023 6:06 PM

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ បានឱ្យដឹងថាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គម្រោងដែលនឹងបើការដ្ឋានសាងសង់នេះ មានទំហំទឹកប្រាក់១៤០០លានដុល្លារ ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងអំឡុងឆ្នាំ២០២៧។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាសំរោងអណ្តែង នៅថ្ងៃទី២១ មេសានេះ ថា នេះជាមោទនភាពជាតិយើងអ្នកដែលមានផ្លូវល្បឿនលឿនទី១ ហើយឥឡូវមានទី២ទៀត ដោយសារអ្នកវិនិយោគហ្នឹងគេទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការសាង់ផងផ្លូវល្បឿនលឿននេះក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ១៤០០លានដុល្លារអាមេរិក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236