ការរីកច្រើននៃបច្ចេកវិទ្យា ផ្តល់ឱកាសងាយស្រួលដល់ឧក្រិដ្ឋជន លាងលុយកខ្វក់និងធ្វើប្រតិបត្តិការខុសច្បាប់
ភ្នំពេញ៖ «ការកើនឡើងនៃសកលភាវូបនីយកម្ម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យកាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់ឆ្លងកាត់ព្រំដែន ហើយបង្កើតឱកាសជាច្រើនសម្រាប់ឧក្រិដ្ឋជនក្នុងការសម្អាតប្រាក់និងធ្វើប្រតិបត្តិការខុសច្បាប់»។ នេះគឺជាការលើកឡើងលោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអគរ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មប្រចាំ អគរ ។
លោក សែ សុឃន នៅក្នុងវគ្គបណ្តុះបណ្តាលស្ដីពី«ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម»ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅសាលាជាតិគយ បានឱ្យដឹងដែរថា កាលពីខែកុម្ភៈឆ្នាំ២០២៣ ថ្មៗនេះ កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសដែលស្ថិតក្រោមការតាមដានលើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មហើយ។ ប៉ុន្តែ កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងសាកលលោក នៅបន្តប្រឈមការគំរាមកំហែងផ្សេងៗគ្នា។ ហេតុដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះត្រូវតែបន្តធ្វើជានិច្ចនិរន្តន៍។
លោកអគ្គនាយករង សែ សុឃន ក៏បានឱ្យផងដែរថា វគ្គបណ្តុះបណ្តានេះគឺឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តខ្ពស់របស់ អគរ ក្នុងការផ្តល់សារសំខាន់ដល់ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុ និងមុខមាត់ល្អរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនោះ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា អាជីវកម្មផ្ទេរឬប្តូរប្រាក់, ការរត់ពន្ធសាច់ប្រាក់, ការសម្អាតប្រាក់តាមរយៈត្បូងនិងលោហធាតុមានតម្លៃ, ការសម្អាតប្រាក់តាមពាណិជ្ជកម្ម,បច្ចេកទេសសម្ភាសន៍និងការប្រមូលភស្តុតាងក្នុងអំឡុងពេលរឹបអូស,ការផ្តល់ហិរញ្ញប្បទានភេរវកម្ម, និងការធ្វើលំហាត់អនុវត្តជាដើម៕