ផែនការមេអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធចំនួន ១៥០គម្រោង ត្រូវការប្រាក់វិនិយោគ ៣០ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងវេទិកាវិស័យដឹកជញ្ជូននិងភស្តុភារកម្ម ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ មេសា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ យុទ្ធសាស្រ្តនេះ រដ្ឋាភិបាល បានផ្តល់អាទិដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយស្វាស់ស្វែងរកជំនួយពីប្រទេសដៃគូ និងបានបញ្ចេញថវិការបស់រដ្ឋជាច្រើនសន្ទឹកសន្ទាប់ផងនោះ ដើម្បីកែលម្អ អភិវឌ្ឍន៍ និងពង្រីកវិសាលភាពនៃវិស័យសាធារណការនិងដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងដំណើរការ នៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។ គម្រោងរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារ នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ថ្លែងនៅកាន់វិនិយោគិន និងតំណាងស្ថាប័នឯកជន ដែលមានវត្តមានក្នុង«វេទិកាវិស័យដឹកជញ្ជូននិងភស្តុភារកម្ម ឆ្នាំ២០២៣»នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យ នៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថាកំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ។
វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣ (Transport and Logistics Forum 2023) ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Euro Cham Cambodia) នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ក៏ដូចជាដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់សំដៅឱ្យវិនិយោគិនពីវិស័យឯកជន បានស្វែងយល់អំពីសក្តានុពលនិងកាលានុវត្តភាព នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕