រដ្ឋាភិបាល បន្ថែមថវិកា ៧លានដុល្លារ លើគម្រោងចំណាយរៀបចំស៊ីហ្គេមដែលកើនដល់ ១៣១លានដុល្លារ
ភ្នំពេញ៖ រដ្ឋាភិបាល បានបន្ថែមថវិកាចំនួន៧លានដុល្លារទៀត លើគម្រោងចំណាយចាស់ដែលមានថវិកាចំនួន ១២៤លានដុល្លារ ខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេមដែលសល់តែរយៈពេល ១១ថ្ងៃទៀតតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្ថែមចំណាយ ៧លានដុល្លារនេះ គឺសម្រាប់ការស្នាក់នៅ និងម្ហូបអាហាររបស់គណៈប្រតិភូកីឡាស៊ីហ្គេម ដែលក្នុងម្នាក់ត្រូវចំណាយ ៥០ដុល្លារក្នុងមួយថ្ងៃ។ ដូច្នេះ ការបន្ថែម ៧លានទៀតនេះ គឺចំណាយសរុបកើនឡើងដល់ ១៣១លានដុល្លារ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសានេះថា ការចំណាយ ៧លានដុល្លារបន្ថែមទៀត ដើម្បីចិញ្ចឹមកីឡាករ កីឡាការិនីបរទេស ដែលមកប្រកួតនៅកម្ពុជា។ជាធម្មតាគេយកយើង ៥០ដុល្លារម្នាក់ក្នុង ១ថ្ងៃ ពេលកីឡាកររបស់យើងទៅប្រកួតនៅគេ ប៉ុន្តែយើងអត់ឱ្យបង់ថ្លៃទេ គឺទទួលចិញ្ចឹមគេតែម្តង។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣៕