គ.ជ.ប.អ ផ្តល់សំបុត្រឥតគិតថ្លៃ ៣ពាន់សំបុត្រដល់ខ្មែររស់នៅក្រៅប្រទេស ឱ្យចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (គ.ជ.ប.អ) នឹងផ្តល់ជូនសំបុត្រឥតគិតថ្លៃចំនួន ៣០០០សំបុត្រជូនដល់ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសដើម្បីអាចចូលទស្សនានាពិធីបើកនិងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលពិធីបើកប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ការផ្តល់ជូនខាងលើនេះអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលអំពាវនារឲ្យប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេស មកលេងស្រុកកំណើតដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្តែងនៅកម្ពុជានិងយោងតាមស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»ផងដែរ។
ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចចុះឈ្មោះបានតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.overseaskhmer2023.com ។ បន្ទាប់ពីបានចុះឈ្មោះរួចរាល់អាចមកទទួលសំបុត្រដោយផ្ទាល់ ឬអាចស្នើសុំឲ្យបងប្អូន សាច់ញាតិ ឬមិត្តភក្តិដែលរស់នៅកម្ពុជាផ្ទាល់មកទទួលជំនួសបាន ពីបញ្ជរផ្តល់ជូនសំបុត្រឥតគិតថ្លៃដែលស្ថិតនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងរាជធានីភ្នំពេញ ចាប់ពី២៤ ខែមេសា ឆ្នាំ២០២៣រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ថ្ងៃ និងម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់៥:៣០នាទីល្ងាច៕