ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣ បានដាក់ពាក្យស្នើសុំបិទអាជីវកម្មរបស់ខ្លួន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថាមានការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣បានមកដាក់ពាក្យស្នើសុំបិទអាជីវកម្មរបស់ខ្លួន។ ហេតុនេះ ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុវត្តឲ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍រយៈពេល១ខែទៀត ក្រោយពេលដែលម្ចាស់អាជ្ញាបណ្ណទេសចរណ៍បានចុះផ្សាយជាសាធារណៈស្តីពីការបិទអាជីវកម្មរបស់ខ្លួនតាមរយៈសារព័ត៌មាននានា។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។
ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ទាំង៣ខាងលើ រួមមាន៖១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក មានទីស្នាក់ការនៅផ្ទះលេខ SHR6 #16 (ផ្លូវនិរតី ស្ថិតក្នុងបុរីអ័រគីដេវីឡា ដឹរ៉ូយ៉ាល់) ផ្លូវ២០០៤ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឹវីស ខូអិលធីឌី មានទីស្នាក់ការនៅផ្ទះលេខ ៣៨៣E0E1 ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។និងទី៣ ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល មានទីស្នាក់ការនៅគ្រួសសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ម្យ៉ាងវិញទៀត ដើម្បីធានាបាននូវសុច្ចរឹតភាពនិងតម្លាភាពចៀសផុតពីបញ្ហាផ្សេងៗកើតឡើង ក្រសួងទេសចរណ៍ក៏បានផ្សព្វផ្សាយបន្ថែមអំពីការស្នើសុំបិទអាជីវកម្មទេសចរណ៍ទាំង៣ខាងលើនេះដែរតាមរយៈគណីហ្វេសប៊ុករបស់ក្រសួងផ្ទាល់ ដើម្បីទុកលទ្ធភាពឲ្យប្រតិបត្តិករទេសចរណ៍និងសាធារណជនធ្វើការតវ៉ាក្នុងករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់បានដោះស្រាយរួច៕