រដ្ឋាភិបាល អនុម័តឱ្យក្រុមហ៊ុន២ បង្កើតរោងចក្រនៅភ្នំពេញនិងខេត្តកណ្តាល ក្នុងទំហំទុនជាង១០លានដុល្លារ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួនន២ បោះទុនវិនិយោគប្រមាណ ១០,៤លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលអាចបង្កើតការងារបានប្រមាណ ២៩៦៧កន្លែង។
បើតាម CDC កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២រួមមាន ក្រុមហ៊ុន Fitly Apparel Co., Ltd បោះទុនប្រមាណ ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ១៨៩១កន្លែង។ និង ក្រុមហ៊ុន WH Packaging Co.,Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ១០៧៦កន្លែង៕