ពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែមពី E-Commerceបានជិត ២១លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
26/4/2023 8:50 AM

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចំនួន ៨៤,៦៧ ប៊ីលានរៀល (ប្រមាណ ២០,៩១លានដុល្លារ) បើគិតជាមធ្យមក្នុង១ខែៗ ប្រមូលបានប្រមាណ ៧លានដុល្លារ/ខែ បៀបធៀបនឹងឆ្នាំ២០២២ ក្នុង១ខែៗ ប្រមូលបានប្រមាណ ៥លានដុល្លារ/ខែ។ បើយោងតាមតួលេខចំណូលពន្ធពី E-Commerce កាលពីឆ្នាំ២០២២ គិតពីខែមេសា ដល់ខែធ្នូ គឺប្រមូលបានចំនួន ១៧៨,០៦ ប៊ីលានរៀល(ប្រមាណ ៤៣,៩៧លានដុល្លារ)។

លទ្ធផលប្រមូលចំណូលខាងលើនេះអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដោយអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តនិងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែម តាម E-Commerce ចំពោះការផ្គត់ផ្គង់ទំនិញឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកដែលធ្វើឡើងដោយអ្នកជាប់ពន្ធអនិវាសនជន និងអ្នកជាប់ពន្ធនិវាសនជន ដោយអ្នកជាប់ពន្ធអនិវាសនជនមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ។

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ទាំង៦៨ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញរួចរាល់ រួមមាន៖ Meta, Google, Youtube, Tik Tok, Netflix។ល។ នេះបើយោងតាមព្រឹត្តបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236