ក្រសួងប្រៃសណីយ៍ ស្នើ ៥ចំណុចទៅក្រុមហ៊ុន Google ដើម្បីរួបចំណែកអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
26/4/2023 1:08 PM

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានលើកសំណើរដល់ក្រុមហ៊ុន Google ចំនួន៥ចំណុច ដល់តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងឱកាសដែលតំណាងក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។

នាជំនួបពិភាក្សាការងារជាមួយលោក Yves Gonzalez  តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៥ មេសានេះ ឯកឧត្តម ជាបសត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីស្មារតីចូលរួមចំណែករបស់ក្រុមហ៊ុន Google ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពចំនួន៥ចំណុច ដូចជា៖ ទី១. ការបន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២។ ទី២. ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ទី៣. ការជួយរៀបចំគោលនយោបាយ Cloud First Policy។ ទី៤. ការជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និងទី៥. ការពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារបន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

ក្នុងជំនួបដែលរៀបចំនៅទីស្តីការក្រសួងប្រៃសណីយ៍នោះលោក Yves Gonzalez បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យគោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រូបនេះ ក៏បានបង្ហាញគោលជំហរជួយគាំទ្រ និងបន្តធ្វើការជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុ​ករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។

ឯកឧត្តម ជាប សត្ថារតន៍ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថាក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗ ក្នុងវិស័យឌីជីថលនៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236