ពន្ធដារ ប្រមូលចំណូលបានជិត ១,៣៤៤លានដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
26/4/2023 6:19 PM

ភ្នំពេញ៖ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ពន្ធដារ​ប្រមូលចំណូលពន្ធ-អាករ បាន ៥ ៤៤២ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសានេះ។

បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ គឺបានកើនឡើងចំនួន ៣២៦,៩៧ប៊ីលានរៀល (ប្រមាណ ៨០,៧៣លានដុល្លារ) ស្មើនឹង ៦,៣៩%។ បើតាមការឱ្យដឹងរបស់ឯកត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបចំណូលពន្ធប្រចាំខែមីនា និងសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ចំណូលពន្ធបានហក់ឡើងខ្ពស់ដោយសារតែ ជារៀងរាល់ឆ្នាំនៃខែមករា ដល់ខែមីនា គឺជារដូវកាលប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

ចំពោះ ចំណូលដែលប្រមូលបាននៅក្នុងខែមីនា ឆ្នាំ២០២៣ គឺ ៣ ២៥៨,០១ប៊ីលានរៀល (ប្រមាណ ៨០៤,៤៥លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមីនាឆ្នាំ២០២២ បានកើនឡើងចំនួន ២១៧,៦៤ប៊ីលានរៀល (ប្រមាណជា ៥៣,៧៤លានដុល្លារ) ស្មើនឹង ៧,១៦% ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236