រដ្ឋាភិបាល បន្តពន្យារពេលនិងលើកលែងពន្ធមួយចំនួន ដល់គម្រោងអភិវឌ្ឍន៍លំនៅឋាន
Posted by -
Phoung Somphors
Published on -
26/4/2023 10:51 PM

ភ្នំពេញ៖ រដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ថែមសម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលវិស័យអាទិភាពមួយជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម។​វិធានការនេះ ក៏ជួយបន្តរក្សានិរន្តរភាពការងារជូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនិងធម្យមដែលអាចមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យបាន។ បើតាមសេចក្តីប្រកាសដែលចេញកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ​ គឺមានចំនួន៨ចំណុច។

ទី១. រដ្ឋាភីបាល សម្រេចបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអលនវត្ថុ។ សម្រាប់គ្រោងបុរីដែលគ្មានអាជ្ញាបណ្ណត្រូវដាក់ពាក្យឱ្យបានត្រឹមបំណាច់ឆ្នាំ២០២៣។

ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី១លានដុល្លារអាមេរិក។

ទី៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុន ដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន(របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។

ទី៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៦. លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តនិងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។

ទី៧. លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្តីពី«ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ»។

ទី៨. ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣លើសេចក្តីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី«កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236