CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៧ បោះទុនជាង ៦០លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងការងារជាង ១ម៉ឺនកន្លែង
Posted by -
Phoung Somphors
Published on -
28/4/2023 4:50 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគប្រមាណ ៦០,១លានដុល្លារ ដើម្បីបង្កើតរោងចក្រ ដែលអាចបង្កើតការងារបានប្រមាណជាង ១ម៉ឺនកន្លែង។

បើតាម CDC នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ ដើម្បីបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺដូចគ្នា។ មាន ក្រុមហ៊ុន Cambodian Golden Fruit Trading Co., Ltd បោះទុនប្រមាណ ២៦លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១៤៥០កន្លែង។ ចំណែក ក្រុមហ៊ុន Blossom Knitwear (Cambodia) Company Limited បោះទុនចំនួន ៧លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ៤០៦៩កន្លែង។

រីឯ ក្រុមហ៊ុន Route 88 Manufacturing Company Limited បោះទុនចំនួន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ១៦៩០កន្លែង។ និង ក្រុមហ៊ុន International Air Life Co., Ltd បោះទុនចំនួន ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ ដែលស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ២៧៤កន្លែង។

ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ទៀត ដើម្បីបង្កើតរោងចក្រនៅខេត្តកណ្តាល។ មាន ក្រុមហ៊ុន Xinhengli (Cambodia) Shoes Co., Ltd បោះទុនប្រមាណ ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១៨៧៨កន្លែង។ ចំណែក ក្រុមហ៊ុន Ju Hong Shi Ye You Xian Gong Si Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលស្ថិតនៅអគារលេខ CP៥-F៦ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១១២៣កន្លែង។

ចំពោះ ក្រុមហ៊ុន Hua Xing Jiang Garment Co., Ltd បោះទុនប្រមាណ ៦លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ១៣៨៣កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236