ពន្ធដារ ហៅម្ចាស់សហគ្រាសមួយ ឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងប្រកាសបង់ពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
29/4/2023 4:24 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅលោក-លោកស្រីដែលជាម្ចាស់សហគ្រាស អ៊ី ស៊ី អិល (ECL) ជាលើកចុងក្រោយឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត ចំពោះអាជីវកម្មក្លឹបកម្សាន្តដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការចុះបញ្ជីពន្ធដារនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ។

លិខិតអញ្ជើញលើកចុងក្រោយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញថាសហគ្រាសខាងលើនេះ មិនបានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនិងប្រកាសបង់ពន្ធជូនរដ្ឋនៅឡើយ បើទោះបីជាសាខាពន្ធដារខណ្ឌចំការមន បានធ្វើការអញ្ជើញ២ លើករួចមកហើយក្តី។ ហើយការដែលមិនបានចុះបញ្ជីពន្ធដារ និងមិនគោរពកាតព្វកិច្ចសារពើពន្ធ គឺជាការធ្វើសកម្មភាពអាជីវកម្មដោយខុសច្បាប់ ដោយលោក-លោកស្រីជាម្ចាស់សហគ្រាស ត្រូវបានចាត់ទុកថាបានប្រព្រឹត្តអំពើរាំងស្ទះចំពោះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារដែលអគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការចុះបិទទីតាំងប្រកបអាជីវកម្មរបស់លោក-លោកស្រីផ្ទាល់។

អាស្រ័យហេតុនេះលោក-លោកស្រី ដែលជាម្ចាស់សហគ្រាសខាងលើសូមអញ្ជើញមកបំពេញបែបបទចុះបញ្ជីពន្ធដារ នៅការិយាល័យចុះបញ្ជីនៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ដែលស្ថិតនៅអគារសាលាជាតិពន្ធដារ លេខ៤១-៤៣ជាន់ទី៦ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមកាលកំណត់កុំបីអាក់ខាន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236