រដ្ឋាភិបាល និងក្រុមអង្គការអន្តរជាតិ នឹងពិភាក្សាអំពីច្បាប់ស្តីពី«គណនេយ្យនិងសវនកម្ម» នៅស្អែកនេះ
ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជានឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ៖«ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម»នៅទីស្តីការក្រសួង។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាកិច្ចប្រជុំខាងលើ មានគោលបំណងលើកកម្ពស់យល់ដឹង ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលបរទេស។ ដោយកាតព្វកិច្ចទាំងនោះ រួមមានការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជានិងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំងនោះ ហើយកាតព្វកិច្ចទាំងអស់នេះនឹងរួមចំណែកដល់ការទទួលខុសត្រូវ តម្លាភាព និងស័ក្តិសិទ្ធភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ។
កិច្ចប្រជុំខាងលើ ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំខាងលើនេះផងដែរ៕