ADB ប្រកាសកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុ ដែលបង្កើនធនធានរាប់ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
3/5/2023 10:08 PM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកម្មវិធីថ្មីស្តីពី «ហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក» (IF-CAP) ដែលជាកម្មវិធីដ៏សំខាន់មួយ ដែលបង្កើនធនធានរាប់ពាន់លានដុល្លារ ដល់ហិរញ្ញប្បទានបម្រែបម្រួលអាកាសធាតុ និងអាចបង្កើនការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់តំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការប្រកាសនេះ ធ្វើឡើងដោយប្រធាន ADB លោក Masatsugu Asakawa ក្នុងថ្ងៃបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦របស់ ADB នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក Asakawa បានលើកឡើងថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏សំខាន់នៃជីវិត ដោយនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកយើងស្ថិតនៅជួរមុខនៃសមរភូមិការប្រែប្រួលអាកាសធាតុ។ ព្រឹត្តិការណ៍អាកាសធាតុដែលបានជួបប្រទះក្នុងរយៈពេល១២ខែ កន្លងមក នឹងបន្តកើនវិសាលភាព និងភាពញឹកញាប់ ដូច្នេះយើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់នាពេលនេះ។

ADB កំពុងពិភាក្សាជាមួយដៃគូដំបូងរបស់ IF-CAP រួមមាន៖ ប្រទេសដាណឺម៉ាក ជប៉ុន សាធារណរដ្ឋកូរ៉េ ស៊ុយអែតចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អំពីការផ្តល់ជំនួយនានាសម្រាប់ការរៀបចំគម្រោងនឹងការធានាសម្រាប់ផ្នែកមួយចំនួន នៃហិរញ្ញប្បទានអធិបតេយ្យរបស់ ADB។ ការធានានេះ នឹងកាត់បន្ថយនូវហានិភ័យដែលបង្កើតឡើង ដែលអនុញ្ញាតឲ្យ ADB បញ្ចេញដើមទុនដើម្បីពន្លឿនហិរញ្ញប្បទានថ្មីសម្រាប់គម្រោងអាកាសធាតុខាងលើនេះ ជាមួយនឹងគំរូ «១ដុល្លារចូល ៥ដុល្លារចេញ» ដែលជាមហិច្ឆតាដំបូងនៃការធានាចំនួន ៣ពាន់លានដុល្លារ អាចបង្កើតបានរហូតដល់១៥ពាន់លានដុល្លារ ចំពោះហិរញ្ញប្បទានថ្មីនៃគម្រោងអាកាសធាតុដែលចាំបាច់ទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក។

ម្យ៉ាងវិញទៀត ការផ្តល់ហិរញ្ញាប្បទានដល់ IF-CAPនឹងរួមចំណែកដល់មហិច្ឆតារបស់ ADB ដើម្បីប្រមូល ១០០ពាន់លានដុល្លារ ពីធនធានផ្ទាល់ខ្លួន សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំ២០១៩-២០៣០។លើសពីនេះ ADB ក៏កំពុងនឹងពិភាក្សាជាមួយដៃគូរដែលមានសក្តានុពល ដូចជាប្រភពទ្វេភាគី ពហុភាគី វិស័យឯកជន និងសប្បុរសជនរួមទាំងសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី ដើម្បីជំរុញការវិនិយោគអាកាសធាតុផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236