ក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យដាក់លក់ផលិតផលខ្មែរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅតាមបណ្តារាជធានី-ខេត្ត
Posted by -
Phoung Somphors
Published on -
3/5/2023 11:58 PM

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្តីពី៖ «កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ» នៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះ ដើម្បីលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុកការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងខាងលើបានអនុវត្តដោយជោគជ័យរួចមកហើយក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ឆ្នាំ២០២៣ នៅរាជធានី-ខេត្តចំនួន១៦តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ចំនួន១៩។ ដូច្នេះ ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន ភីធីធី (ខេមបូឌា)នឹងសហការគ្នាអនុវត្តនូវគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ខែឧសភាឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល នៅរាជធានី-ខេត្តចំនួន១៣តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ចំនួន១៤ បន្តទៀត។

សម្រាប់ ស្ថានីយ៍ប្រេងឥន្ធនៈភីធីធីដែលត្រូវបានដាក់តាំងបង្ហាញរួមមាន៖ ស្ថានីយ៍ព្រៃកី រាជធានីភ្នំពេញ, ស្ថានីយ៍អូរចារ ខេត្តបាត់ដំបង, ស្ថានីយតាខ្មៅផ្លូវជាតិលេខ២១ ខេត្តកណ្តាល, ស្ថានីយ៍ផ្តៅជុំ២ (ស្គន់)ខេត្តកំពង់ចាម, ស្ថានីយ៍ក្រុងពោធិ៍សាត់ ខេត្តកំពង់ពោធិ៍សាត់,ស្ថានីយ៍ឧដ្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង, ស្ថានីយ៍បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ស្ថានីយ៍អង្គតាសោមខេត្តតាកែវ, ស្ថានីយ៍ក្រុងស្វាយរៀង ខេត្តស្វាយរៀង, ស្ថានីយ៍ស្វាយអន្ទរ ខេត្តព្រៃវែង, ស្ថានីយ៍ក្រុងក្រចេះខេត្តក្រចេះ, ស្ថានីយ៍ឃ្លាំងលើ ខេត្តព្រះសីហនុ, និងស្ថានីយ៍ក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មី ខេត្តស្ទឹងត្រែងដោយត្រូវបានដាក់តាំងលក់ផលិតផលខ្មែរដូចជា អាហារសម្រន់ បង្អែមផ្លែឈើតាមរដូវកាលអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី និងសាច់ជាដើម។បណ្តាសាធារណជនទាំងអស់ អាចស្វែងរកទីតាំងនីមួយៗបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/3LrmWF9 ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236