ឆ្នាំ២០២៣៖ កម្ពុជា-តូកគី សម្រេចបានទំហំពាណិជ្ជកម្មជាង ៥០លានដុល្លារ ក្នុងត្រីមាសទី១
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានិងតួកគី សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៥២លានដុល្លារ ជាមួយនឹងកំណើន ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញសក្តានុពលនាំចេញពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀនកៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់។ ចំណែកទំនិញសក្តានុពលនាំចូលពីតួកគីមកកម្ពុជាវិញ រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់និងវត្ថុផ្សេងៗធ្វើពីស្ពាន់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ។
នាជំនួបពិភាក្សាការងារជាមួយលោកជំទាវ Ulka Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា អមដោយលោកស្រី Zero AKAHIN SIMSEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី ដើម្បីពិភាក្សាលើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ លោកជំទាវ តឹករ៉េត កំរង បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ចនិងបរិយាកាសវិនិយោគដោយបានស្នើសុំឲ្យភាគីតួកគី ជួយលើកទឹកចិត្តនិងកៀងគរធុរជននិងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្មនិងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែបដូចជា កៅស៊ូដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ និងចេកជាដើម។
លោកស្រី Ulka Kocaefe បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងនិងកិច្ចសហការទ្វេភាគរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មដែលបានឈានដល់ចំណុចរបត់ថ្មីមួយពោរពេញដោយថាមវ័ន្តនិងការសហការស្អិតរមួតដោយញ៉ាំងឲ្យតួកគីបញ្ជូនទឺប្រឹក្សាពាណិជ្ជកម្មដំបូង និងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំនៅកម្ពុជា ដែលនឹងរួមចំណែកក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
កម្ពុជានិងតួកគី បានឯកភាពគ្នាជំរុញការអនុវត្តសកម្មភាពការងារដូចបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំខាងលើព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមកដោយភាគីទាំងពីរ នឹងព្យាយាមបញ្ចប់នីតិវិធីផ្ទៃក្នុងដើម្បីចាប់ផ្តើមធ្វើការសិក្សាពីសមិទ្ធិលទ្ធភាពមុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលឆាប់ៗនេះ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិនិងប្រជាជន រួមមានអ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន៕