ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរ, ទំនិញនាំចេញ-នាំចូលលើកទី១៦ នៅកោះពេជ្រ
Posted by -
Phoung Somphors
Published on -
6/5/2023 5:46 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ នាថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឲ្យដល់ទីផ្សារគោលដៅ ដែលជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិព្រមទាំងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងកម្ពុជានិងរវាងកម្ពុជាជាមួយអន្តរជាតិ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងឱកាសរៀបចំពិព័រណ៍ខាងលើក្រសួងពាណិជ្ជកម្មក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួន ដូចជាកម្មវិធីសិក្ខាសាលាស្តីពីការជំរុញសកម្មភាពពាណិជ្ជកម្មវេទិកាធុរកិច្ចនិងវិនិយោគ ជំនួបពាណិជ្ជកម្មនិងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍នូវវិស័យឯកជន។

បណ្តាសហគ្រិនទាំងអស់ ដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគឬមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួនសូមអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មដែលស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូតិ៍លេខ១៩-៦១មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានទូរស័ព្ទលេខ៖ ០១៥ ៥៥៣ ៣៥៥ ឬ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៦ ៤១៦ ៨២៥ ឬ ០៧៧ ៣៣២ ២៣៣ និងអ៊ីម៉ែល៖ chaoji168@gmail.com / neary86@gmail.comrithyco@yahoo.com / vuthakep@yahoo.com

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236