គយកម្ពុជា និងគយកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគីតំបន់ និងពហុភាគី
Posted by -
Phoung Somphors
Published on -
7/5/2023 11:42 AM

ភ្នំពេញ៖ គយកម្ពុជា និងគយកូរ៉េ បានប្រជុំទ្វេភាគីនិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារគយ កាលពីចុងខែមេសាកន្លងទៅ។ គយនៃប្រទេសទាំង បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី។

នៅក្នុងកិច្ចប្រជុំក្រោមវត្តមានឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយនឹងភាគីសាធារណៈរដ្ឋកូរ៉េ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េផងដែរ។ បន្ថែមពីនេះ គឺភាគីទាំងពីរបានឯកភាពគ្នារៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ដល់វិស័យឯកជននាពេលឆាប់ៗខាងមុខទៀតផង។

ចំពោះ អនុស្សរណៈយោគយល់គ្នារវាងគយកម្ពុជា និងគយកូរ៉េនេះ នឹងក្លាយជាយន្តការសម្រាប់បើកផ្លូវដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត​និងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។ លើសពីនេះ ពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរនិងចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236