កីឡាករហែលទឹក ដណ្តើមបានមេដាយមាស នឹងទទួលបាន១ម៉ឺនដុល្លារ ពីរដ្ឋមន្ត្រីសាធារណការ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានសន្យាដល់កីឡាករ និងកីឡាការិនី ដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារបន្ថែម។ ការសន្យានេះ នាជួបសំណេះសំណាលជាមួយគ្រូបង្វឹកកីឡាករ កីឡាការិនីផ្នែកហែលទឹកចំនួន ៤៩រូប កាលពីថ្ងៃទី០៤ ឧសភានេះ ក្នុងនាមឯកឧត្តមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
ជំនួបសំណេះសំណាលនាឱកាសនោះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កម្លាំងចិត្តជូនដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នេះ។ រួមគ្នាផ្តល់កម្លាំងចិត្តដល់អត្តពលិកជាតិក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដើម្បីជុំរុញឱ្យទង់ជាតិកម្ពុជាលេចត្រដែត ប្រកបដោយក្តីមោទនលើឆាកអន្តរជាតិ គឺជាសារលើកទឹកចិត្តដល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដល់កីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកផ្នែកកីឡាហែលទឹក។
ឯកឧត្តមទេសរដ្ឋមន្ត្រីដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនីនិងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹកដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០០ដុល្លារបន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារពីសម្តេចនាយករដ្ឋមន្ត្រី។ ជាពិសេស ចំពោះកីឡាករកីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារបន្ថែមផងដែរ៕