សម្តេច ហ៊ុន សែន ប្រកាសផ្តល់ថិវកា ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ដែលមានភាពអំណត់តស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់គោលដៅក្នុងការប្រកួតរត់ចម្ងាយ ៥,០០០ម៉ែត្រ កំពុងល្បីនៅតាមបណ្តាញសង្គម និងមានសប្បុរសជនបន្តឧបត្ថម្ភជាថវិកាជាបន្តបន្ទាប់ដល់កញ្ញា។
កញ្ញា ប៊ូ សំណាង ជាអត្តពលិកដែលបានអំណត់ អត់ធ្មត់តស៊ូរត់តាមពីក្រោយអត្តពលិកដទៃទៀត ក្រោមតំណក់ទឹកភ្លៀង ដោយតាំងចិត្តមិនបោះបង់ការប្រកួតរហូតរត់ដល់គោលដៅ ក្នុងចម្ងាយ ៥,០០០ម៉ែត្រ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ទោះមិនទទួលបានជ័យជម្នះ តែភាពអំណត់តស៊ូរបស់ប្អូនស្រី បានអង្រួនចិត្តនិងឆក់យកយកបេះដូងមហាជនលាននាក់ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានទស្សនាផ្ទាល់ក្តី និងបានឃើញទិដ្ឋភាពរបស់ប្អូនស្រីក្តី បានធ្វើឱ្យគ្រប់គ្នារំជួលចិត្តនិងស្រក់ទឹកភ្នែកជាមួយប៊ូ សំណាង។
សម្តេច ហ៊ុន សែន បានសរសេរនៅក្នុងតេឡេក្រាមរបស់សម្តេចពីប្រទេសឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរសៀលថ្ងៃទី១០ ខែឧសភានេះ ថា៖«បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ»។
សម្តេចបានសរសេរបញ្ជាក់ដូច្នេះថា៖«រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនីប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ (10,000$)។ សូមលោក សេង ទៀង យកថវិការជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ»។
SEA Games 2023 គិតត្រឹមថ្ងៃទី១០ ឧសភា ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជា បន្តឈរលេខរៀងទី៣ បន្ទាប់ពីថៃ និងវៀតណាម ដោយទទួលបានមានមេដាយសរុប ១២៣គ្រឿងក្នុងនោះមាសចំនួន៣៩, ប្រាក់ចំនួន ៣៩ និងសំរិទ្ធចំនួន ៤៥។ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំកន្លងមកនេះ៕