ស្ត្រីម្នាក់ ត្រូវឃាត់ខ្លួនពីបទផ្សំគំនិតលួច«លុយ» គ្រូកីឡាជនជាតិឡាវម្នាក់
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីផ្សំ គំនិតលួចប្រាក់ចំនួន ៩២០ដុល្លា និងប្រាក់ឡាវចំនួន ៤០ម៉ឺនគីប ពីបុរសជនជាតិឡាវម្នាក់ដែលជាគ្រូបង្រៀនកីឡា។ ហេតុការនេះបានកើតឡើងនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគបាលជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនជាស្ត្រីថៅកែហាងម៉ាស្សា បានផ្សំគំនិតជាមួយនឹងស្ត្រីជនសង្ស័យម្នាក់ទៀត ដែលជាអ្នកម៉ាស្សា បានលួចប្រាក់នោះ ហើយបានគេចខ្លួនបាត់។ ចំពោះសម្ភារ ដែលសមត្ថកិច្ចបានដកហូតនោះ មានប្រាក់ដុល្លាហ្វូតូ ៧សន្លឹក ក្រដាស១០០ និងសំភារដែលបានបាត់បង់មានប្រាក់ដុល្លាចំនួន ៩២០$ និងប្រាក់ឡាវចំនួន ៤០ម៉ឺនគីប។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលជាគ្រូកីឡាជនជាតិឡាវរូបនោះ បានចាកចេញពីកន្លែងម៉ាស្សាខាងលើ ត្រឡប់ទៅស្តាតមរតកតេជោវិញ ហើយក៏បានពិនិត្យមើលប្រាក់ក្នុងកាបូបស្រាប់តែបាត់ប្រាក់ចំនួន ៩២០$ និងប្រាក់ឡាវចំនួន ៤០ម៉ឺនគីប និងឃើញប្រាក់ក្លែងក្លាយចំនួន ៧០០$ ក្នុងការបូបវិញ។
បន្ទាប់មកកម្លាំងសមត្ថកិច្ច បានបានចុះទៅដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនថៅកែម៉ាស្សានោះ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕