«ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម» នឹងរៀបំរយៈពេល៥ថ្ងៃនៅបរិវេណផ្សារគំរូព្រំដែននៅ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នាថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការរៀបចំពិព័រណ៍ខាងលើគឺដើម្បីលើកស្ទួយផលិតផលខ្មែរ ដែលកសិករ ផលិតករកម្ពុជាផលិតបាននៅតាមមូលដ្ឋានឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើងឲ្យមានសកម្មភាពអាជីវកម្មផុសផុលឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
ក្រសួងពាណិជ្ជកម្មក្នុងនាមអ្នកសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ ជំរុញឲ្យសហគ្រិនខ្មែរ និងសាធារណជនទូទៅដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើឬមានគម្រោងពិភាក្សាផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូមកពីវៀតណាម សូមមកបំពេញបែបបទចូលរូមឲ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្មដែលមានអាស័យដ្ឋាន៖ឡូតិ៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ឬមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដែលមានលេខទូរសព្ទ៖ ០៧៧ ៣៣៩ ៤៣៩ / ០៧៧ ៣៣២ ២៣៣ / ០១២ ២១៨ ៥៨៨ និងអ៊ីម៉ែល៖ neary86@gmail.com / Vuthakep@yahoo.com ៕