ក្រុមហ៊ុនចំនួន ៣ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ឱ្យទូទាត់បំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានកោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ លិខិតចំនួន៣ផ្សេងគ្នា បានផ្ញើទៅកាន់នាយកក្រុមហ៊ុនទាំងនោះ ដែលរួមមាន៖ ទី១. លោក TAECHAMATAVORN ANCHATACH នាយកក្រុមហ៊ុន ខេមផេក ខូ អិលធីឌី។ ទី២. លោក WANGJIN នាយកក្រុមហ៊ុន ជី ហុង យាន (ខេមបូឌា) ហ្គាម៉ិន ឯ.ក និងទី៣ លោក KIM YEONSU នាយកក្រុមហ៊ុន អាវ៉ុនខេម ឯ.ក។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងដែរថា កន្លងមក អគ្គនាយដ្ឋានពន្ធដារ បានអញ្ជើញក្រុមទាំងបីខាងលើមកដោះស្រាយបំណុលរដ្ឋម្តងរួចហើយ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់ឡើង។ ពន្ធដារ បានបញ្ជាក់ថាការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថិវការជាតិ។
ក្នុងករណីដែលនាយកក្រុមហ៊ុនទាំង៣ខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕