រដ្ឋាភិបាលចិន អនុញ្ញាតឱ្យ«ម្រេចកម្ពុជា» នាំចេញចូលទៅទីផ្សារក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង!
Posted by -
Phoung Somphors
Published on -
13/5/2023 5:09 PM

ភ្នំពេញ៖ ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីប្រទេសចិន ក្នុងការនាំចេញទៅកាន់ទីផ្សាររបស់ចិន។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភានេះ។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលគយ នៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្រោយពេលដែលតំណាងភាគី នៃប្រទេសទាំងពីរ ដែលមានរដ្ឋបាលគយ នៃស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានធ្វើកិច្ចការងារនេះ និងពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេចជាមួយគ្នា ដោយតាមរយៈ Video Conference កាលពីថ្ងៃទី១០-១១ ខែមេសាកន្លងទៅ។

មុននឹងទទួលបានការអនុញ្ញាតពីភាគីប្រទេសចិននោះ ភាគីកម្ពុជា និងភាគីចិន បានចុះហត្ថលេខារួមគ្នាមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានរៀបចំគ្រប់នីតិវិធីក្នុងការនាំចេញម្រេចកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សាររបស់ប្រទេសចិន។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរបញ្ជាក់ទៀតថា «ដំណាំម្រេច» គឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236