ក្រុមហ៊ុនចំនួន៦ទៀត ត្រូវបានពន្ធដារ កោះហៅឲ្យទូទាត់បំណុលពន្ធជូនរដ្ឋ
Posted by -
Phoung Somphors
Published on -
16/5/2023 9:42 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៦ ឲ្យចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន ៦ ផ្សេងៗគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះ រួមមាន៖ ទី១. លោក គឹម សុភាព អភិបាលក្រុមហ៊ុន ខេអេសភី-អ៊ីស៊ី ឯ.ក។ ទី២. លោក ជា សំបូរ អភិបាលក្រុមហ៊ុន អង្គរ ប្រាយ ប្រឹហ្វេសិនណល ស៊ីឃ្យូរឹធី សឺវីស។ ទី៣. លោក វុន ផារី អភិបាលក្រុមហ៊ុន ភី.អ ស៊ីឃ្យូរឹធី ឯ.ក។ ទី៤. លោក ជឺ គីមជាង អភិបាលក្រុមហ៊ុន វី.អ.អ៊ី.អ៊ីនជិននារីង ឯ.ក។ ទី៥. លោកស្រី ទេស មានសោភ័ណពិសី អភិបាលក្រុមហ៊ុន អេជីអិនធី (ខេមបូឌា) ឯ.ក និងទី៦ លោក អ៊ុង ខាន់ណារិទ្ធ អភិបាលក្រុមហ៊ុន ប្ល៊ូ ដ្រេហ្គន ផៅវ័រ ស៊ីឃ្យូរឹធី អេជេនស៊ី លីមីធីត (ប៊ី.ឌី.ភី.អេស)។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងដែរថា កន្លងមក អគ្គនាយដ្ឋានពន្ធដារ បានអញ្ជើញក្រុមទាំង៦ខាងលើ ឱ្យមកដោះស្រាយបំណុលរដ្ឋម្តងរួចហើយ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់ឡើង។ ពន្ធដារ បានបញ្ជាក់ថាការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថិវការជាតិ។

អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ក្នុងករណីដែលអភិបាលក្រុមហ៊ុនខាងលើ មិនព្រមចូលខ្លួនទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236