សម្តេច ហ៊ុន សែន៖ ព្រឹតិ្តការណ៍ស៊ីហ្គេមគោលដៅធំបំផុតមិនមែន«លុយ» តែធ្វើឱ្យពិភពលោកស្គាល់កម្ពុជា
ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅនឹងមតិរិះគន់អំពីការមិនយកលុយពីកីឡាករដែលមកចូលរួមប្រកួតស៊ីហ្គេមលើកទី២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច បានមានប្រសាសន៍ថា គោលដៅធំបំផុតរបស់កម្ពុជាដែលចង់បានគឺមិនមែនលុយទេ តែធ្វើឱ្យប្រទេសទាំងក្នុងតំបន់ និងពិភពលោកបានស្គាល់កម្ពុជា។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៥ ឧសភានេះ ថា ការសម្រេចចិត្តរបស់សម្ដេចគឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានារួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖«គេពេបជ្រាយថា ឯងក្រប៉ុណ្ណឹងហើយមិនយកលុយពីគេទៀត។ លុយយកមកចាយអស់! ខ្ញុំទទួលស្គាល់ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ ប៉ុន្តែ អ្វីជាគោលដៅដែលកម្ពុជាចង់បានមិនមែនលុយទេ គឺធ្វើឱ្យមិត្តភក្តិទាំងឡាយបានស្គាល់កម្ពុជា មិនមែនត្រឹមតែក្នុងក្របខណ្ឌអាស៊ានខ្លួនឯងទេ គឺប្រទេសនានានៅលើពិភពលោក។ បន្ទាប់ពីហ្នឹង នឹងមានភ្ញៀវទេសចរជាច្រើនមកលេងប្រទេសរបស់យើង»។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសអនុញ្ញាតឱ្យកីឡាករកីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយគ្មានការលក់សំបុត្រទៀតផង។
បើតាមគ្រោងចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៣ ដែលជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំកន្លងមកនេះ គឺកម្ពុជា បានត្រៀមគម្រោងចំណាយទៅលើការរៀបចំទាំងស្រុងសរុបប្រមាណ ១៣០លានដុល្លារ។ ក្នុងនោះ ក៏មានទាំងការចំណាយសម្រាប់ការសម្រាប់ការស្នាក់នៅនិងម្ហូបអាហាររបស់គណៈប្រតិភូកីឡាស៊ីហ្គេម និងក្រុមកីឡាករ កីឡាការិនីរបស់ប្រទេសអាស៊ានទាំង១១ដែលចូលរួមប្រកួតផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញដោយក្តីមោទនភាពចំពោះការខិតខំគ្រប់ភាគីពាក់ព័ន្ធ ដែលអាចឱ្យដំណើការរៀបចំទៅដោយជោគជ័យនិងមានមោទនភាពជាតិបំផុត ជាប្រវត្តិសាស្រ្ដដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖«ខ្ញុំពិតជាសប្បាយរីករាយដែលយើងបានធ្វើកិច្ចការងារកាតព្វកិច្ច ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៣នេះ ហើយកម្ពុជាត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះម្តងទៀត សម្រាប់ការរៀបចំស៊ីហ្គេមនៅ២២ឆ្នាំ ឬ២៤ឆ្នាំក្រោយ»។
ជាមួយគ្នានេះ សម្រេចក៏បានបង្ហាញក្តីរីករាយនិងមោទនភាពចំពោះការខិតខំប្រកួតរបស់កីឡាករកីឡាការិនីកម្ពុជា ដែលបានប្រឹងប្រែងដើម្បីទទួលបាននូវមេដាយមាសជាច្រើនធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិក្នុងឱកាសព្រឹត្តិការណ៍កីឡានេះផងដែរ៕