ABA ប្រាប់ពីរបៀបការពារខ្លួន ពីជនឆបោកបន្លំកូដ QR នៅតាមហាង
ភ្នំពេញ៖ ធនាគារ ABA បានរម្លឹកដល់អតិថជនរបស់ខ្លួនអំពីសកម្មភាពឆបោកកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការបន្លំកូដ QR នៅតាមហាង ដោយជនឆបោកបានព្រីនកូដ QR ផ្ទាល់ខ្លួន ហើយយកទៅបិទពីលើកូដ QR របស់ម្ចាស់ហាង។ ការណ៍ធ្វើបែបនេះ ទឹកប្រាក់ដែលអតិថិជនបង់ នឹងចូលទៅគណនីរបស់ជនខិលខូចទាំងនោះ។
ដើម្បីធានានូវសុវត្ថិភាពទាំងអ្នកបង់ប្រាក់និងអ្នកទទួលប្រាក់ធនាគារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ធនាគារ ABA បានណែនាំនូវគោលការណ៍សំខាន់ៗ ដល់អតិថជនឱ្យអនុវត្តនៅពេលដែលទូទាត់តាមកូដQR ម្តងៗ។ សម្រាប់អ្នកបង់ប្រាក់/អតិថិជន ABA ឱ្យត្រួតពិនិត្យអត្តសញ្ញាណរបស់ម្ចាស់គណនីទទួល ដោយមើលឈ្មោះនិងលេខគណនីរបស់គាត់ឲ្យបានច្បាស់លាស់សិនមុននឹងធ្វើប្រតិបត្តិការណាមួយបន្តទៀត។
ផ្ទៀងផ្ទាត់ឡើងវិញនូវឈ្មោះអ្នកទទួលប្រាក់ពីលោកអ្នក ដែលបង្ហាញនៅលើអេក្រង់អេប ABA Mobile មុននឹងធ្វើប្រតិបត្តិការណាមួយ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យរួចសូមប្រាប់ឲ្យអ្នកលក់/អាជីវករ ពិនិត្យគណនីរបស់ពួកគាត់ឬពិនិត្យសារជូនដំណឹង ដើម្បីប្រាកដថា អ្នកលក់ពិតជាបានទទួលប្រាក់ប្រាកដមែន។
ចំពោះ អ្នកទទួលប្រាក់/ពាណិជ្ជករ ABA ឱ្យត្រួតពិនិត្យជាប់ជានិច្ចថាទឹកប្រាក់ពិតជាបានចូលគណនីរបស់អ្នក ដោយពិនិត្យមើលរបាយការណ៍គណនី និង/ឬសារជូនដំណឹងបញ្ជាក់ពីការទទួលប្រាក់។ ប្រើប្រាស់មុខងារផ្តល់សារជូនដំណឹងតាមគ្រុបTelegram ពីយើងខ្ញុំ។ តាមរយៈការភ្ជាប់សារបញ្ជាក់ការទូទាត់ប្រាក់ទៅក្នុងគ្រុប Telegram លោកអ្នកនឹងទទួលបានសារបញ្ជាក់ភ្លាមៗរាល់ពេលអតិថិជនបង់ប្រាក់ ឬទូទាត់រួច។ មុខងារនេះនឹងអនុញ្ញាតឲ្យលោកអ្នក ក៏ដូចជាសមាជិកគ្រុប និងបុគ្គលិកតាមដានរាល់ប្រតិបត្តិការទាំងអស់រួមគ្នា។សូមមើលពីរបៀបភ្ជាប់សារបញ្ជាក់ការទូទាត់ក្នុងគ្រុប Telegram ទីនេះ (https://youtube.com/shorts/-NlWukJT9UE?feature=share)។
ទោះយ៉ាងណា ធនាគារ ABA បញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនិងអនុវត្តនូវវិធានការចាំបាច់ ដើម្បីការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះនៃសកម្មភាពឆបាកទាំងនោះ៕