ករណីចុះផ្សាយ«ចាប់ក្មេងវះក្រលៀន» ជាព័ត៌មានក្លែងក្លាយដែលក្រុម«ប្រឆាំងបទល្មើសបច្ចេកវិទ្យា» ស្រាវជ្រាវឃើញ!
ភ្នំពេញ៖ ទំព័រហ្វេសប៊ុកដែលមានឈ្មោះ«អនុរក្ស», «កាមទេពលឹមហុង» និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេងឬការចាប់ក្មេងវះក្រលៀន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃើញថា ជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើង ដោយក្រុមមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល។
បើតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យ ាកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសរបញ្ជាក់ថា នាយកដ្ឋានជំនាញកំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម កុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ។
ទាក់ទិននឹងព័ត៌មានក្លែងក្លាយដែលថា ចាប់ក្មេងៗវះក្រលៀននេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវនូវភូមិសាស្រ្តខេត្ត ដែលក្រុមអនាមិកបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនោះ គឺនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ គឺរកឃើញថា ពុំមានករណីខាងកើតឡើងដូចការចុះផ្សាយរបស់គេហទំព័រ«អនុរក្ស»នោះទេ វាជាព័ត៌មានមិនពិតនិងបំពុលសង្គម។
គេហទំព័រ«អនុរក្ស» បានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារថា៖«ក្រុមអាណាមិក (ដើរចាប់ក្មេងវះក្រលៀន)កំពុងស្ថិតក្នុងខេត្តកណ្ដាល+តាកែវ សមត្ថកិច្ចកំពុងស្រាវជ្រាវសូមអាណាព្យាបាលរស់នៅក្នុងខេត្ត២នេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតព្រោះក្មេងដែលបាត់រកមិនទាន់ឃើញទេ!»៕