ជប៉ុន ផ្តល់កម្ចីជាង ៥៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងជួសជុលកំណាត់ផ្លូវជាតិលេខ៥
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ៧,២០៥ លានយ៉េន (ប្រមាណ ៥២,៦លានដុល្លារ) សម្រាប់អនុវត្ត គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤។ ចំណែក ហិរញ្ញប្បទានឥតសំណងចំនួន៣៦៦លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារ) ផ្សេងទៀត គឺសម្រាប់អនុវត្ត គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ស្អែកនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ការផ្តល់ជំនួយខាងលើនេះ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រីកទំនាក់ទំនងដ៏ល្អប្រពៃនិងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕