រដ្ឋាភិបាល សម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈមួយចំនួនរបស់ក្រសួងដែនដី
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈមួយចំនួនរបស់ក្រសួងដែនដី តាមយរៈប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី៖«ការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់»កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។
ការលើកលែងការបង់ថ្លៃសេវាសាធារណៈទាំងនោះ រួមមាន៖ ទី១. ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់និងលិខិតអនុញ្ញាតសាងសង់លើកម្រិតសន្ទស្សន៍ប្រើប្រាស់អតិបរមាផ្លូវការចំពោះសំណើសុំសាងសង់អគារ មន្ទីរពេទ្យឯកជន សាលារៀនឯកជន និងលំនៅឋានតម្លៃសមរម្យ។ ទី២. ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និងទី៣. ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។
ក្នុងករណីបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសខាងលើនេះ ត្រូវទុកជានិរាករណ៍។ ដូច្នេះ នាយកខុទ្ធកាល័យ អគ្គលេខាធិការ អគ្គនាយកអគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវទទួលបន្ទុកអនុវត្តប្រកាសខាងលើនេះ តាមភារកិច្ចរៀងៗខ្លួន៕