CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៣ បោះទុនជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងការងារជាង៣ពាន់កន្លែង
Posted by -
Phoung Somphors
Published on -
31/5/2023 9:19 AM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ បោះទុនវិនិយោគប្រមាណ ១៥,៤លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងអាចបង្កើតការងារបានប្រមាណជាង ៣០០០កន្លែង។

បើតាម CDC នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រ នៅបណ្តារាជធានី-ខេត្តចំនួន៣ផ្សេងៗគ្នា។ មានក្រុមហ៊ុន Bolito Garment Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១៣៣៦កន្លែង។ រីឯ ក្រុមហ៊ុន Xin Li An Shoes Co. Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលស្ថិតនៅភូមិអំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៤៦៨កន្លែង។

ចំណែក ក្រុមហ៊ុន New HM Knitting Clothing (Cambodia) Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១៤៣១កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236