ពន្ធដារប្រកាសប្រមូលពន្ធយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ
Posted by -
Phoung Somphors
Published on -
31/5/2023 9:35 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ ដោយអនុលោមតាមប្រកាសចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ក្នុងករណីដែលម្ចាស់យានយន្តទាំងអស់មិនបានបង់ពន្ធទាន់ពេលកំណត់ទេនោះ នឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្រាប់យានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូងម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសារដូចជាបណ្ណសម្គាល់យានយ្ត អត្តសញ្ញាណផ្ទាល់់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ចំណែកយានយន្ត ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឲ្យបង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជាបណ្ណសម្គាល់ខ្លួនបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះកាលបរិច្ឆេទបង់ពន្ធ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យម្ចាស់យានយន្តទាំងអស់ត្រូវទៅបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌឬនៅធនាគាររួមមាន៖ ធនាគារកាណាឌីយ៉ា ក.អ, ធនាគារអេស៊ីលីដាភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈភីអិលស៊ី, ធនាគារជេ ត្រាស់ រ៉ូយ៉ាល់, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជាក.អ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារវីង (ខេមបូឌា) ម.ក (បង់តាមអនឡាញ) ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពីApp Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទកន្លងមកផងដែរ។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេសអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំណែក យានយន្តដែលជាកម្មសិទ្ធិរបស់ក្រសួង-ស្ថាប័នឬអង្គការ ដែលត្រូវទទួលបានលតាបត្រលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បើយោងតាមលិខិតចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់យានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣នោះទេ។ ម្ចាស់យានយន្តទាំងនេះ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបានរួចរាល់ជាមុនសិន។

អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236