ក្រុមហ៊ុនចំនួន៤ ទៀត ត្រូវពន្ធដារឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ ក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចំនួន៤ផ្សេងគ្នា ផ្ញើទៅកាន់អភិបាលក្រុមហ៊ុនទាំងនោះរួមមាន៖ ១. លោកស្រី លី សុខលាង អភិបាលក្រុមហ៊ុន ឈាន យូ គ័រ ជី ឯ.ក។ ទី២. លោក ថៃ ស្រ៊ុន អភិបាលក្រុមហ៊ុន ហាវ ចឺ កុង ម៉ាវ (ខេមបូឌា) ឯ.ក។ ទី៣. លោក ភាឡាយ សុភ័ក្តិ អភិបាលក្រុមហ៊ុន មីតអ៊ែតស៍ (ខេមបូឌា) និងទី៤ លោក ផាត់ សុភ័ក្ត្រា អភិបាលក្រុមហ៊ុន អិមភី ឡូជីស្ទីក ឯ.ក។
ក្នុងករណីអភិបាលក្រុមហ៊ុនទាំង៤ខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕