ឱកាសសម្រាប់​សហគ្រិន​ខ្មែរ ចូលរួមក្នុងពិព័រណ៍«គ្រឿង​អលង្ការ»លើកទី១៧ នៅឥណ្ឌា
Posted by -
Phoung Somphors
Published on -
9/6/2023 2:00 PM

ភ្នំពេញ៖ ក្រុម​ប្រឹក្សាជំរុញ​ការនាំចេញ វិស័យ​សិប្បកម្មឥណ្ឌា នឹង​រៀបចំ​ព្រឹត្តិការណ៍​តាំងបង្ហាញ​ម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាង​កាយឥណ្ឌាលើកទី១៧ “The 17th Indian Fashion Jewelry & Accessories Show (IFJAS)” នាថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ហ្គ្រីតធ័រណយដាឥណ្ឌា ទីក្រុងញូដេល្លី ប្រទេសឥណ្ឌា។

បើតាម​សេចក្តីជូនដំណឹងរបស់​ក្រសួងពាណិជ្ជកម្ម កាល​ពីថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ពិព័រណ៍គ្រឿង​អលង្ការខាងលើ នឹងផ្តល់​ឱកាស​​ដល់ពាណិជ្ជករ បាន​ស្វែង​យល់​ពីសិល្បៈ​ហត្ថកម្មរបស់​ឥណ្ឌា និងសិល្បៈដែលធ្វើ​ឡើង​ដោយភាពល្អឥតខ្ចោះជាមួយនឹង​ការរចនាបែបទំនើបផងដែរ។ ក្នុងនោះ​ដែរ​ មានក្រុមហ៊ុនឥណ្ឌាប្រហែល​ ២៥០ មក​ពីគ្រប់តំបន់​នៃប្រទេសឥណ្ឌា នឹង​មក​បង្ហាញ​គ្រឿងអលង្ការ​និងសម្ភារ​លម្អរាងកាយ​ ជាច្រើនប្រភេទ ដោយម៉ូតគ្រឿងអលង្ការទាំងនោះ បានឆ្លុះ​បញ្ចាំងពីកេរដំណែល​ដ៏សំបូរបែប​នៃស្នាដៃប្រពៃណី​របស់ជនជាតិ​ឥណ្ឌា ដែល​បានបញ្ចូល​គ្នាជាមួយ​រចនាបទប្រដោយ​ភាពច្នៃប្រឌិត។

ជាមួយគ្នានេះ IFJAS នឹង​មានគម្រោង​ផ្តល់ជូន​សម្រាប់​អ្នក​ទិញ​ ដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដោយទទួលបាន​ការផ្តល់ជូនសំបុត្រយន្តហោះ​ទៅមក​ និងការស្នាក់នៅ​សណ្ឋាគារ​ដោយឥតគិតថ្លៃ នៅទីក្រុងញូដេល្លី។

បណ្តាសហគ្រិន និងសាធារណជន​ទូទៅ ដែល​មាន​បំណង​ចង់​ចូលរួមព្រឹត្តិការណ៍​ពិព័រណ៍ខាងលើ សូមចុះឈ្មោះចូលរួមជាមុនតាមរយៈគេហទំព័រ http:/fifias.in/register ឬទាក់ទង​ដោយផ្ទាល់ទៅ​ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ តាមរយៈអាសយដ្ឋានផ្ទះលេខ ៥០-៥២ ផ្លូវ​សម្តេចប៉ាន សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ឬទូរស័ព្ទលេខ ០២៣ ២១០​ ៩១២ / ០២៣ ២១០ ៩១៣ និងអ៊ីម៉ែល​៖ hoc.phnompenh@mea.gov.in / admn.phnompenh@mea.gov.in

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236