ក្រុមហ៊ុនចំនួន៣ CDC អនុម័តឲ្យបោះទុន ១៦លានដុល្លារ បង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង
ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ បោះទុនវិនិយោគប្រមាណ ១៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានជិត ៣៥០០កន្លែង។
បើតាម CDC នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងដូចគ្នា។ មានក្រុមហ៊ុន Qingdao Zhongmian (Cambodia) Knitting Co., Ltd បោះទុនប្រមាណ ៦,៨លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ ២៤១០កន្លែង។ រីឯ ក្រុមហ៊ុន Huiyao Yaoxing Plastic Packaging Products (Cambodia) Co., Ltd បោះទុនចំនួន ៥,៧លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។
ចំណែក ក្រុមហ៊ុន Dong Wang Paper industry (Cambodia) Co., Ltd បោះទុនប្រមាណ ៣,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ ៥៨៦កន្លែង។