រដ្ឋ ប្រកាសផ្តល់«ប័ណ្ណប.ស.ស»ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចផ្តល់«របបថែទាំសុខភាព»តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាពិសេស ស្ត្រីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀវហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ាជាដើម។ ការផ្តល់ប័ណ្ណប.ស.ស នេះផ្អែកតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលរដ្ឋនឹងរ៉ាប់រងនូវការចំណាយទាំងស្រុង បើទោះបីជាស្ថិតក្នុងបរិការសុខសន្តិភាព និងស្ថេរភាពនយោបាយកក៏ដោយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានារបស់រដ្ឋាភិបាល ក្នុងគោលបំណងធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចូលក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនកម្ពុជាគ្រប់រូប។
ជាមួយគ្នានេះ រដ្ឋាភិបាល បានអំពាវនាវដល់និយោជន ម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងវិស័យសេវាកម្សាន្តទេសចេណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ខ្លួន បញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជីឲ្យពួគគាត់អាចទៅទទួលអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិខាងលើ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ៕