រដ្ឋ ឲ្យក្រុមហ៊ុន ៦ ទៀត បោះទុនវិនិយោគ ៤៥លានដុល្លារ បង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៥
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៦ បោះទុនវិនិយោគប្រមាណ ៤៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅរាជធានី-ខេត្តចំនួន៥ ដែលអាចបង្កើតការងារបានជាង ៧ពាន់កន្លែង។
បើតាម CDC នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីសាងសង់ផ្សារទំនើប និងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) នៅខេត្តព្រះសីហនុដូចគ្នា។ មានក្រុមហ៊ុន DRF-MART Fa Dao Jia Trading Co., Ltd បោះទុនប្រមាណ ១៤លានដុល្លារ គម្រោងសាងសង់ផ្សារទំនើប ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលអាចបង្កើតការងារបានចំនួន ២២៧កន្លែង។ និងក្រុមហ៊ុន Zhao Chunxiang Processing Factory Co., Ltd បោះទុនចំនួន ៨,៥លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ៨៣កន្លែង។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ទៀត ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៤ផងដែរ។ មានក្រុមហ៊ុន Great Zhenxin Garment Co., Ltd បោះទុនប្រមាណ ៦,៥លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១៥៣៧កន្លែង។ រីឯ ក្រុមហ៊ុន Nuent (Cambodia) Co., Ltd បោះទុនចំនួន ៥,៧លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិស ដែលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ១៥៣០កន្លែង។
ចំណែក ក្រុមហ៊ុន Long March Garment Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលអាចបង្កើតការងារបានចំនួន ២៧២៣កន្លែង។ និងក្រុមហ៊ុន Team Industrial Company Limited បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិស ដែលស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ១០៧៦កន្លែង៕