CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៦ បោះទុនជាង ១២៨លានដុល្លារ ដើម្បីបង្កើតរោងចក្រដែលផ្តល់ការងារជិត៥ពាន់កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៦ បោះទុនវិនិយោគប្រមាណ ១២៨,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងអាចបង្កើតការងារបានប្រមាណ ៤៧២៧កន្លែង។
បើតាម CDC កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យ និងផលិតទុយោគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ។ មានក្រុមហ៊ុន Wickimed (Cambodia) Supply Co., Ltd បោះទុនប្រមាណ ៦,៣លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ ដែលស្ថិតនៅផ្លូវជាតិលេខ៤១ អគារលេខ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ២១៨កន្លែង។ និងក្រុមហ៊ុន L T K J (Cambodia) Co., Ltd បោះទុនចំនួន ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទ ដែលស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ៥៨៨កន្លែង។
ដោយឡែក គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ ទៀតផងដែរ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៤ ។ មានក្រុមហ៊ុន Dongfang Junma Cement Co., Ltd បោះទុនប្រមាណ ៩៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។ រីឯ ក្រុមហ៊ុន TWPC Investment (Cambodia) Co., Ltd បោះទុនចំនួន ១០,៤លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ដែលស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងអាចបង្កើតការងារបានប្រមាណ ៩៩កន្លែង។
ចំណែក ក្រុមហ៊ុន CMB & CHN Co., Ltd បោះទុនចំនួន ៦,១លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ១២០កន្លែង។ និងក្រុមហ៊ុន Elite Enterprise (Cambodia) Co., Ltd បោះទុនប្រមាណ ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ២៧២៣កន្លែង៕