រដ្ឋ អនុម័តឱ្យក្រុមហ៊ុន ៦​ បោះទុនជាង ១៦៣លានដុល្លារ បង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស
Posted by -
Phoung Somphors
Published on -
27/6/2023 1:11 PM

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៦ បោះទុនប្រមាណ ១៦៣,៥លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចខេត្តក្រចេះ ស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានប្រមាណ ៣២៥៨កន្លែង។

បើតាម CDC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងដូចគ្នា។ មានក្រុមហ៊ុន Rongdasheng Industrail Co., Ltd បោះទុនចំនួន ៦លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង អំពូលលំអ និងផលិតជើងទម្រគ្រប់ប្រភេទសម្រាប់ដាក់តាំងលំអអំពូលភ្លើង ការតុបតែងតាមផ្ទះនិងសួនច្បារ ផលិតផលប្លាស្ទិក និងសម្ភារៈបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានប្រមាណ ៥៩២កន្លែង។ រីឯ ក្រុមហ៊ុន TG-Brother Electronic Lighting Co., Ltd បោះទុនប្រមាណ ៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលំអរ ផលិតផលប្លាស្ទិក ដើមគ្រីស្មាស់ និងសម្ភារៈលំអរដើមគ្រីស្មាស់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៧៥៤កន្លែង។

ចំណែក ក្រុមហ៊ុន Boxu Crafts Co., Ltd បោះទុនប្រមាណ ១,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ សម្ភារៈលំអក្នុងផ្ទះ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានចំនួន ៤៦៩កន្លែង។

ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងរាជធានី-ខេត្តចំនួន ៣បន្ថែមទៀតផងដែរ។ មាន ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd បោះទុនចំនួន ១៣៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលអាចបង្កើតការងារបានប្រមាណ ៩៧៥កន្លែង។ ចំណែក ក្រុមហ៊ុន Metal Jewelry (Cambodia) Co, Ltd បោះទុនប្រមាណ ៩លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលំអរផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ៤៣៤កន្លែង។

ចំពោះ ក្រុមហ៊ុន Sinice Co. Ltd បោះទុនចំនួន ៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាវទឹក ថ្នាំលាប ទឹកថ្នាំបោះពុម្ព និងសារធាតុគីមីដទៃទៀត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអាចបង្កើតការងារបានប្រមាណ ៣៤កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236