និយ័តករអចលនវត្ថុនិងបញ្ចាំ ហៅម្ចាស់អាជីវកម្ម ចែ ម៉ី ហាងបញ្ចាំ៩៣ ឲ្យបង់ប្រាក់ពិន័យ ១០លានរៀល
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) កោះហៅម្ចាស់អាជីវកម្ម ចែ ម៉ី ហាងបញ្ចាំ ៩៣ ដែលស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យមកបង់ប្រាក់ផាកពិន័យ ១០លានរៀល។ ដោយអាជីវកម្មនេះ បានកំពុងធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ដូច្នេះអាជីវកម្មនេះ បានប្រព្រឹត្តិល្មើសនឹងប្រកាសលេខ ០៣០ សហវ.ប្រក ស្តីពី៖ «ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន» ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
បើតាមសេចក្តីជូនដំណឹងរបស់និយ័តករអចលនវត្ថុនិងបញ្ចាំ អាជីវកម្មខាងលើទទួលបានលិខិតផាកពិន័យរួចរាល់ហើយ តាមរយៈលិខិតលេខ ១៥៣១/២៣ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ រួចហើយត្រូវចូលខ្លួនមកបង់ប្រាក់ផាកពិន័យដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់និយ័តករអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។
ក្នុងករណីដែលម្ចាស់អាជីវកម្មខាងលើបន្តគេចវេះ និងមិនធ្វើតាមការណែនាំ និយ័តករអចលនវត្ថុនិងបញ្ចាំ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន៕