CDC ឲ្យក្រុមហ៊ុនចំនួន៩ បោះទុនជិត ៥៥លានដុល្លារ ដើម្បីបង្កើតរោងចក្រនិងការងារជាង ១៣០០០កន្លែង
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៩ បោះទុនវិនិយោគប្រមាណ ៥៤,៨លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៥ ដែលអាចបង្កើតការងារបានប្រមាណ ១៣៨៤៩កន្លែង។
បើតាម CDC កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដើម្បីបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ផលិតកាបូបគ្រប់ប្រភេទ និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅខេត្តកំពង់ស្ពឺដូចគ្នា។ មាន ក្រុមហ៊ុន Kitchen Brights (Cambodia) Industrial Co., Ltd បោះទុនប្រមាណ ៩,៧លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១៤១៤កន្លែង។
ចំណែក ក្រុមហ៊ុន Yangjie Outdoor Manufacturing (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១៥៣១កន្លែង។ និងក្រុមហ៊ុន X J X Industrial Co., Ltd បោះទុនចំនួន ៥,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ៤៨៥កន្លែង។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ទៀត ដើម្បីបង្កើតរោងចក្រនៅខេត្តតាកែវផងដែរ។ មាន ក្រុមហ៊ុន Fresh Source International (Cambodia) Co., Ltd បោះទុនចំនួន ៦លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងអាចបង្កើតការងារបានប្រមាណ ៤៦៥កន្លែង។ និងក្រុមហ៊ុន Optima Garment (Cambodia) Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលអាចបង្កើតការងារបានចំនួន ១២២៦កន្លែង។
ដោយឡែក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ដដែរនេះ គណៈកមា្មធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងដូចគ្នា។ មាន ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd បោះទុនចំនួន ៧,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង និងអាចបង្កើតការងារបានប្រមាណ ៦២៥០កន្លែង។ និងក្រុមហ៊ុន Latido Electrical Co., Ltd បោះទុនប្រមាណ ៦,២លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ដែលអាចបង្កើតការងារបានចំនួន ៦៩០កន្លែង។
ចំពោះ ក្រុមហ៊ុន Cambodian Xin Huang Ming Garment Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ១១៤១កន្លែង។ និងក្រុមហ៊ុន L&G Packaging Materials Co., Ltd បោះទុនចំនួន ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ៦៤៧កន្លែង៕