សូមអបអរសាទរ! បេក្ខជន FECA ២០ក្រុម ជាប់វគ្គជម្រុះក្នុងចំណោម ៣៨ក្រុម ទទួលបានវគ្គបណ្តុះបណ្តាលរបស់កម្មវិធី
Posted by -
Kon Sochea
Published on -
7/7/2023 10:42 AM

ភ្នំពេញ៖ កម្មវិធី FEAC2023 សូមអបអរសាទរដល់បេក្ខជនទាំង ២០ក្រុម ជាប់វគ្គជម្រុះក្នុងចំណោមបេក្ខជនទាំង ៣៨ក្រុម ដែលសមាជិកសរុប ១០៣នាក់ បានដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ស្តីពី«ចំណេះដឹងហិរញ្ញវត្ថុ(FECA)»ប្រចាំឆ្នាំ២០២៣។ ព័ត៌មានបន្ថែមអំពី FEAC សូមចូលទៅកាន់គេហទំព័រផ្លូវតាមតំណភ្ជាប់នេះ៖ https://feca-cambodia.com/)។

FECA 2023 ផ្តោតលើប្រធានបទ៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានទេពកោសល្យតាមរយៈខ្លឹមសារវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានសិក្សាបន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

សម្រាប់បេក្ខជនទាំង ២០ក្រុម ដែលបានជាប់ឡើងទៅវគ្គបន្ទាប់ គឺទទួលបានឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាលចំនួន ៤ ដែលរួមមាន៖ ១. មូលដ្ឋានគ្រិះនៃការផលិតវីដេអូ, ២. មូលដ្ឋានគ្រិះនៃការគ្រប់គ្រងបណ្តាញសង្គម,៣. បច្ចេកវិទ្យាហិរញ្ញវត្ថុ, ៤. សិល្បៈនៃការនិយាយជាសាធារណៈ។

វគ្គបណ្តុះបណ្តាលទាំងនេះមានរយៈពេល ៤ថ្ងៃ ដោយមានគ្រូបង្គោលលោក ទិត្យ កំរង ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ឫទ្ធិពលនិងអេបកត់លុយ, លោកស្រី ប៉ែន បុប្ផា នាយិកាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឫទ្ធិពល, កញ្ញា អាតសុធាវី ស្ថាបនិក Think Plastic គ្រូបណ្តុះបណ្តាល និងជាអ្នកប្រឹក្សាឯករាជ្យទំនាក់ទំនងជាយុទ្ធសាស្រ្ត ការផលិតវីដេអូនិងការផ្សាយពហុប្រព័ន្ធផ្សព្វផ្សាយ និងលោក សក្តិ សេរីវុឌ្ឍអ្នកផលិតមាតិកាលើបណ្តាញសង្គម និងម្ចាស់ទំព័រ ដុំហ្វីល-Film Reel ​។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមបេក្ខជនទាំងអស់ នឹងចាប់ផ្តើមផលិតវីដេអូដាក់ប្រកួតក្នុងកម្មវិធី FECA 2023 ដោយក្រុមនីមួយៗទទួលបានជំនួយបន្ថែមពីគ្រូបង្គោល ចាំណែនាំនិងប្រឹក្សាយោបល់ក្នុងដំណើរការផលិតវីដេអូតាំងពីដើមរហូតដល់ចប់។ វីដេអូរបស់ក្រុមបេក្ខជន ដែលបានផលិតត្រូវតាមលក្ខន្តិកៈរបស់កម្មវិធី នឹងត្រូវបានដាក់ឱ្យប្រកួតប្រជែងជ្រើសរើសយកជ័យលាភីតែ៣ក្រុមប៉ុណ្ណោះ។

ក្រុមដែលទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់, ប្រាក់រង្វាន់មេដាយ, ការតម្រង់ទិសមុខរបរ, ក្លាយជាអ្នកបង្កើតមាតិកា និងឱកាសក្លាយជាទូតសុឆន្ទៈប្រចាំស្ថាប័នដៃគូទៀតផង។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ស្តីពី«ចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ២០២៣ រៀបចំដោយ៖ ក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ, គាំទ្រដោយ៖ក្រសួងប្រៃសនីយ៏ទូរគមនាគមន៍,ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, មូលនិធី ស.អ, សហគ្រិនខ្មែរ, ឧបត្ថម្ភធំដោយ៖ ធនាគាអេស៊ីលីដា និងសហការឧបត្ថម្ភដោយ៖ CAFT និង Factory Phnom Penh៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236