ក្នុងឆមាសទី១ ឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញស្រូវអង្ករបានជាង ៨០៧លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន៥០ បានអង្ករចំនួន ៣២៩ ៦៣៣តោន និងស្រូវចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបប្រមាណ ៨០៧,៩លានដុល្លារ។ នេះបើតាមរបាយការណ៍នាំចេញស្រូវនិងអង្ករ សម្រាប់រយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
របាយការណ៍ខាងលើ បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបានចំនួន ១៣៨ ៣៦៤តោន គិតជាទឹកប្រាក់ប្រមាណ ៨៨,៩៦លានដុល្លារ។ រីឯ ការនាំចេញអង្ករទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួនន២៥ បានចំនួន ១២២ ១១៧តោន គិតជាទឹកប្រាក់ប្រមាណ ៨៦,៦៧លានដុល្លារ។ ចំណែក ការនាំចេញអង្ករទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បានចំនួន ២៨ ១១០តោន គិតជាទឹកប្រាក់ប្រមាណ ១៨,៨៧លានដុល្លារ។ និងការនាំចេញអង្ករទៅកាន់គោលដៅផ្សេងៗនៅអាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ និង ២១គោលដៅទៀតបានចំនួន ៤១ ០៤២តោន គិតជាទឹកប្រាក់ប្រមាណ ៣៤,៧៣លានដុល្លារ។ លើសពីនេះ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះដែរ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និងព្រុយណេ។
ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៨៥,០៨% អង្ករសគ្រាប់វែងចំនួន ១១,៣៤% អង្ករសគ្រាប់ខ្លីចំនួន ០,១៤% អង្ករចំហ៊ុយចំនួន ២,៤២% អង្ករសរីរាង្គចំនួន ១,០២% និងបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ២២៤ ៩១៣តោន ដែលក្នុងនោះចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕