ជាង២,៥លាននាក់ ដែលភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៣
ភ្នំពេញ៖ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៥៧លាននាក់ក្នុងចំណោមភ្ញៀវទេសចរសរុបប្រមាណ ១១,១លាននាក់ កើនឡើង ៤០៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ថោង ខុន បានឲ្យដឹងថាភ្ញៀវទេសចរអន្តរជាតិដែលហោះហើរតាមផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់តាមផ្លូវគោកមានចំនួន ១,៦៣លាននាក់និងតាមផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។ ក្នុងនោះដែរប្រភពទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិកកូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្ត្រាលី។
ចំពោះជើងហោះហើរអន្តរជាតិចូលមកកម្ពុជាសរុបមានចំនួន១០,៦៣៥ជើងហោះហើរ ដោយក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៧,៩៥៣ជើងហោះហើរ។ ចំណែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំនួន ២,៤២៧ជើងហោះហើរ។ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ២៥៥ជើងហោះហើរ។
ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន បានឲ្យដឹងដែរថាបើយោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះកម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕