រដ្ឋ អនុម័តឲ្យក្រុមហ៊ុនចំនួន៥ បោះទុនជិត៥១លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ តាកែវ និងកណ្តាល
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៥បោះទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារដើម្បីបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាលដែលអាចបង្កើតការងារបានជាង ១៣៥០០កន្លែង។
បើតាម CDC កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតវ៉ែនតានិងដងវ៉ែនតាគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺដូចគ្នា។ មានក្រុមហ៊ុន TaralInternational Co., Ltd បោះទុនប្រមាណ ២៥,៧លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ៣ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលអាចបង្កើតការងារបានចំនួន ៦៩៣៥កន្លែង។ និងក្រុមហ៊ុន United CreationOptical (Cambodia) Company Limited បោះទុនចំនួន ៥,៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទដែលស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ៦៩៦នាក់។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ទៀតដើម្បីបង្កើតរោងចក្រនៅក្នុងខេត្តតាកែវផងដែរ។ មានក្រុមហ៊ុន Super Knitting(Cambodia) Co., Ltd បោះទុនប្រមាណ ៨,៩លានដុល្លារគម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវដែលអាចបង្កើតការងារបានចំនួន ៣៥៦៩កន្លែង។ និងក្រុមហ៊ុន Foton PackagingProduct Co., Ltd បោះទុនចំនួន ៥,១លានដុល្លារគម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលស្ថិតនៅភូមិតាបួរឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ និងអាចបង្កើតការងារបានប្រមាណ ១៣៣១កន្លែង។
ចំពោះ ក្រុមហ៊ុន SSCA Garment Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ ដែលស្ថិតនៅភូមិព្រៃកបិ ឃុំកោះធំ (ខ)ស្រុកកោះធំ ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ១១៩១កន្លែង៕