ការចាយ«ប្រាក់រៀល»តាម KHQR នៅឡាវ វៀតណាម និងចិន អាចនឹងសម្រេចបាននៅចុងឆ្នាំនេះ
ភ្នំពេញ៖ ការទូទាត់ប្រាក់រៀលតាមរយៈ QR Code Payment នៅប្រទេសឡាវ វៀតណាម និងប្រទេសចិនអាចនឹងសម្រេចបាននៅចុងឆ្នាំនេះ ខណៈពេលដែលកម្ពុជា បានផ្សារភ្ជាប់ការទូទាត់ QR Code Payment ជាមួយប្រទេសថៃរួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នាពិធីដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ខេមបូឌានស៊ែស្វីច(Cambodian Shared Switch- CSS) កាលពីថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៣។
ក្រៅពីបានដាក់ឱ្យអនុវត្តន៍ជាមួយនឹងប្រទេសថៃរួចមកធនាគារជាតិនៃកម្ពុជា ក៏ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR Code ជាមួយក្រុមហ៊ុន Union Pay International របស់ចិន នៅថ្ងៃទី១០ ខែកក្កដាម្សិលមិញនេះ បន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជានិងប្រាក់យ័នរបស់ចិន ឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេសទាំងពីរ។
លោកជំទាវ ជា សិរី បានបញ្ជាក់ឱ្យដឹងថា ការចុះ MoU ជាមួយនឹងក្រុមហ៊ុនទូទាត់ធំជាងគេនៅប្រទេសចិន និងធនាគារជាតិនៃកម្ពុជានាពេលនេះគឺទេសចរចិនអាចធ្វើការទូទាត់តាមរយៈ KHQR នៅគ្រប់កន្លែងនៅកម្ពុជាហើយទេសចរកម្ពុជាទៅប្រទេសចិនក៏អាចប្រើ KHQR ដើម្បីទូទាត់លើគ្រប់QR របស់្រកុមហ៊ុន Union Pay រួមទាំងក្រុមហ៊ុនWechat និង AliPay ផងដែរ។ចំណុចសំខាន់អ្នកលក់ស្រុកខ្មែរត្រូវមាន KHQR ទទួលប្រាក់រៀលហើយអ្នកចង់ចាយស្រួលនៅចិន ក៏ត្រូវមានគណនីសន្សំជាប្រាក់រៀល ទើបធ្វើប្រតិបត្តការនេះបាន។
ចំពោះ ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ជាការងារអាទិភាពរបស់ធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់មធ្យោបាយទូទាត់ប្រាក់ប្រកបដោយនវានុវត្តន៍ មានភាពរឹងមាំ សុវត្ថិភាពនិងប្រសិទ្ធិភាព ដើម្បីសម្រួលដល់ការទូទាត់ពាណិជ្ជកម្មនៅក្នុងប្រទេសនិងនៅក្នុងតំបន់។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះការទូទាត់ប្រាក់រៀលតាមរយៈ QR Code មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយៈការដាក់ឲ្យប្រើប្រាស់សេវានិងឧបករណ៍ទូទាត់ថ្មីៗដោយគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនិងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដូចជា សេវាធនាគារចល័ត បណ្ណទូទាត់និម្មិតការទូទាត់ចល័ត និងការទូទាត់តាម QR Code ជាដើម បាននិងកំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារដែលបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមានឆ្ពោះទៅរកបដិវត្តន៍កម្មសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសនិងពិភពលោក៕