ពន្ធដារ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៨ ៣៩៣,១៧ ប៊ីលានរៀល (ប្រមាណ ២ ០៧២,៣៩លានដុល្លារ) ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ដោយឡែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញក្នុងខែមិថុនា ឆ្នាំ២០២៣ បានចំនួន ៩៩៥,០១ ប៊ីលានរៀល (ប្រមាណ ២៤៥,៦៨លានដុល្លារ) ស្មើនឹង ៦,៨៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
សេចក្តីប្រកាសព័ត៌មានដដែរបានឲ្យដឹងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល៦ខែ នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥,៣៩ ប៊ីលានរៀល (ប្រមាណ ៣៥៧១,៧០លានដុល្លារ)។
ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២៣នេះដែរ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០% ចំណែកការប្រមូលចំណូលពន្ធដារត្រូវបានព្យាករណ៍ថានឹងសម្រេចបានក្នុងរង្វង់ ១០៥% នៅឆ្នាំ២០២៣ ប៉ុន្តែ ក៏មានការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយកម្មន្តសាលភេសជ្ជៈឬផលិតផលភេសជ្ជៈ បានថយចុះ ១២,៨៩% វិស័យអចលនវត្ថុ បានថយចុះ ៣,៨៨% ហើយពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣% ផងដែរ៕