ក្រុមហ៊ុន៤ទៀត រដ្ឋ អនុម័តឲ្យបោះទុនជិត ២៧លានដុល្លារ បង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៣
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគប្រមាណ ២៦,៧លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានជាង ៣៣០០កន្លែង។
បើតាម CDC កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ និងរោងចក្រផលិតសម្ភារៈផ្ទះគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺដូចគ្នា។ មានក្រុមហ៊ុន Litesun Homedecor Co., Ltd បោះទុនប្រមាណ ៧,២លានដុល្លារ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ និងក្រុមហ៊ុន Bright Plastic (Cambodia) Co., Ltd បោះទុនចំនួន ៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះគ្រប់ប្រភេទ ដែលស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានប្រមាណ ២១៦កន្លែង។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ទៀតផងដែរ ដើម្បីបង្កើតរោងចក្រនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ មានក្រុមហ៊ុន Runzhimao Health Co., Ltd បោះទុនចំនួន ៩លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានប្រមាណ ៤៨៥កន្លែង។ ចំណែក ក្រុមហ៊ុន Hen Yang (Cambodia) Apparel Manufacturing Co., Ltd បោះទុនប្រមាណ ៥,១លានដុល្លារ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅក្បាលដីលេខ៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលអាចបង្កើតការងារបានចំនួន ២១៤១កន្លែង៕